សេចក្ដីពិពណ៌នា
សៀវភៅ សុខាបង្ហោះខ្លែង ចង់ជួយឲ្យកុមារចេះរង់ចាំ ហើយស្គាល់ពីសារៈសំខាន់ និងការទំនាក់ទំនងនៅក្នុងគ្រួសារ ព្រមទាំងបណ្តុះមនោសញ្ចេតនាគោរពស្រឡាញ់ និងយល់ពីជម្រៅចិត្តឪពុកម្តាយ។ ម៉្យាងទៀតសៀវភៅនេះនឹងជួយដល់កុមារឲ្យចេះស្វែងយល់កំហុស ហើយហ៊ានសារភាពកំហុស ព្រមទាំងបណ្តុះគំនិតច្នៃប្រឌិត ដល់ពួកក្មេងៗក្នុងការបង្កើតឧបករណ៍លេងកម្សាន្តងាយៗ ដោយមិនចាំបាច់ចំណាយថវិកាទៅទិញនៅផ្សារ។
របៀបប្រើប្រាស់សៀវភៅនេះ៖
- សូមឪពុកម្តាយ ឬអាណាព្យាបាលចំណាយពេលអាន ឬនៅជាមួយកូនៗពេលអាន។
- សូមអានដោយបញ្ចេញសំឡេង បញ្ចូលមនោសញ្ចេតនា និងជួយពន្យល់ពាក្យ ព្រមទាំងអត្ថន័យដល់កូនៗ។
- សូមមេត្តាកំុសួរសំណួរទៅកូនៗ ពេលកំពុងអាន។
- សូមលើកទឹកចិត្តកូនៗឲ្យរៀនអានដោយខ្លួនឯង និងរំលឹកចំណុចសំខាន់ៗ។
- សូមលើកទឹកចិត្តកូនៗ ឲ្យធ្វើសំណួរល្បងប្រាជ្ញាបន្ទាប់ពីអានចប់ ដោយផ្តល់ឱកាសឲ្យកូនៗឆ្លើយសំណួរដោយខ្លួនឯង។
កាលណាកេ្មងៗមានទម្លាប់ល្អតាំងពីនៅតូច នោះពួកគេនឹងនឹកចាំ ហើយបន្តធ្វើទម្លាប់ល្អនោះរហូតដល់ចាស់ ព្រមទាំងបង្រៀនទម្លាប់ល្អទាំងនោះដល់កូនចៅជំនាន់ក្រោយរបស់ពួកគេ។ ដូច្នេះសូមមាតាបិតា និងអាណាព្យាបាល មេត្តាយកចិត្តទុកដាក់ជួយបង្រៀនដល់កូនៗ ក្នុងកាលដែលពួកគេនៅតូចនៅឡើយ។
និពន្ធឡើងដោយ លោក ជឹម ទិត្យមករា និងអ្នកស្រី ហឹុម រដ្ឋា។ សព្វថ្ងៃលោក មករា បម្រើការងារនៅអង្គការគ្រឹះស្ថានផលិតសៀវភៅប្រភពប្រាជ្ញា រីឯអ្នកស្រី រដ្ឋា បម្រើការងារនៅអង្គការជំហានបន្ទាប់ (NextSteps) ដែលជួយគាំទ្រ និងផ្តល់ការព្យាបាលដល់កុមារកម្ពុជា ដែលកំពុងរស់នៅដោយមានរាងកាយទន់ខ្សោយ និងពិការភាព។ នេះជាសៀវភៅទី១ ដែលអ្នកទាំងពីរបាននិពន្ធ ហើយបោះពុម្ពផ្សាយដោយអង្គការគ្រឹះស្ថានផលិតសៀវភៅប្រភពប្រាជ្ញា។
សៀវភៅនេះគូររូបភាពដោយ បណ្ឌិត សេង វ៉ាន់ម៉ារ៉េន តាមកម្មវិធីក្នុងកុំព្យូទ័រ។ សព្វថ្ងៃ លោករស់នៅប្រទេសជប៉ុន។
ការពិនិត្យ និងវាយតំលៃ
មិនមានការពិនិត្យ និងវាយតំលៃទេ